កីឡាករក្នុងក្រុម Buriram United ចំនួន ១៨នាក់និងក្រុមគ្រូបង្វឹក នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលម៉ោង ៤:២៥ នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ស្អែក ដើម្បីត្រៀម ប្រកួតបាល់ទាត់ លក្ខណៈមិត្តភាព អន្តរជាតិ បែបមនុស្សធម៌ ជាមួយក្រុមបាល់ទាត់ Cambodia All Stars នៅស្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នេះបើយោងតាមការ អោយដឹងមកពីប្រភព ខាងក្លិបបាល់ទាត់ Buriram United។ ប្រភពបានបង្ហាញថា ថ្នាក់ដឹកនាំ និងកីឡាករដែលពាក់ព័ន្ធ ក៏ដូចជាក្រុមការងារដែលត្រូវរៀបចំការប្រកួតបានមកដល់កម្ពុជាហើយ គឺតាំងពីម៉ោង ៨:១៥ នាទីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២១ ខែមករា ឆ្នាំ២០១៦ មកម្លេះ ដើម្បីត្រៀមចូលរួមក្នុងការធ្វើសន្និសិទសារព័ត៌មាននៅថ្ងៃស្អែកនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ Cambodia All Stars នឹងត្រូវប្រកួតជាមួយក្រុម Buriram United នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិបែបសប្បុរសធម៌ មួួយដើម្បីយកប្រាក់ដែលទទួលបានពីការលក់សំបុត្រ ទៅជួយមន្ទីរពេទ្យគន្ធបុប្ផា ដោយសំបុត្រចូលរួមទស្សនាមានតម្លៃ ៤០០០រៀល (សម្រាប់កន្លែងអង្គុយធម្មតា) និង ៨០០០រៀល (សម្រាប់កន្លែងអង្គុយមានកៅអីជ័រ) នឹងត្រូវប្រកួតនៅវេលាម៉ោង ៦:៣០ នាទីល្ងាច នៅលើទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិ ព្រមទាំងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ PNN ផងដែរ៕