ក្រុមកីឡាករ កម្ពុជាដែលលេង នៅក្នុងលីក កំពូល MFCL-All Stars នឹងជួបប្រកួត មិត្តភាព ជាមួយក្រុមកីឡាករ ជនជាតិអាស៊ី ប្រកបអាជីព នៅកម្ពុជា Asian All Stars នៅវេលាម៉ោង ៣ រសៀលនេះ ដើម្បីរៃអង្គាសប្រាក់ ជួយកុមារ ក្រីក្រ និងរស់នៅតាមតំបន់ ដាច់ស្រយាល នានា។
ក្រុមបាល់ទាត់ Asian All Stars ភាគច្រើនមានកីឡាករ ជាជនជាតិជប៉ុន ប្រកបអាជីព ក្នុងលីក កំពូល និងដឹកនាំ ដោយលោក Tetsu Karakida គ្រូបង្វឹកប្រចាំសាលា បាល់ទាត់ GFA Soriya។ ចំណែកក្រុម MFCL-All Stars ដឹកនាំដោយ លោក ភា សុភ័ក្ត្រា និងមានកីឡាករ ល្អៗជាច្រើន រូបមកពីក្រុមនានា ក្នុងលីកកំពូល ដូចជា ប្រាក់ មុន្នីឧត្តម គួច សុកុម្ភៈ នេន សុធារ័ត្ន ឈិន ឈឿន អ៊ុំ សេរីរ័ត្ន និងអ្នកចាំទី ក្រុមបឹងកេតអង្គរ ស៊ូ យ៉ាទី ជាដើម។
ការប្រកួត រវាងក្រុមទាំង២ នឹងធ្វើឡើងនៅ វេលាម៉ោង ៣រសៀល ថ្ងៃទី២៧ ខែធ្នូខាងមុខ លើទីលានកីឡាដ្ឋាន កងយោធពល ខេមរភូមិន្ទ (ស្តាតចាស់)។ ជំនួបនេះរៀបចំ ឡើងដោយក្រុម ការងារ Kid Project ក្នុងគោលបំណង ស្វែងរកថវិកា ទៅជួយដល់ កុមារកំព្រា និងក្រីក្រ នៅកម្ពុជា។ សំបុត្រចូលរួម ទស្សនាមានតម្លៃ ៥ពាន់រៀលប៉ុណ្ណោះ ហើយប្រាក់ដែល ទទួលបាននឹង ផ្ដល់ជូន អង្គការនានា។
លោក ភា សុភ័ក្ត្រា អ្នកដឹកនាំក្រុម MFCL-All Stars បានសំណូមពរ ដល់អ្នកគាំទ្រ ឲ្យចូលរួមទស្សនា ទាំងអស់គ្នា ដើម្បីបានឃើញ ពីទឹកចិត្តកីឡាករ បាល់ទាត់នាំគ្នាលេង ដើម្បីមនុស្សធម៌ មិនមែនជា ការប្រកួតប្រជែង និងមិនមែន ស្វែងរកផលចំណេញ គឺលេងចេញពីឆន្ទៈ ជួយដល់សង្គមពិតៗ៕